លោក​អ៊ូ វីរៈ ស្នើ​ឲ្យ​លោក សម រង្ស៊ី កុំ​ឲ្យ​ប្រើពាក្យ«យួន»លើ​ជនជាតិ​វៀតណាម (អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ 13-12-2013, 10:30 am) | ដោយ បាន សំអាង

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ បាន​សរសេរ​លិខិត​ចំហរ​មួយ ទៅកាន់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ទាំងអស់ ដោយបាន​សម្ដែង​នូវ​ការព្រួយបារម្ភ ចំពោះ​សន្ទរកថា​របស់ លោក សម រង្ស៊ី ដែល​បាន​ហៅ​ជនអន្តោប្រវេសន៍​វៀតណាម​ថា«យួន» ជារឿយៗ ដែល​ពាក្យ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ពាក្យសម្ដី​បង្អាប់បង្អោន​នោះ។

នៅក្នុង​លិខិត​នោះដែរ លោក អ៊ូ វីរៈ បាន​សម្ដែង​នូវ​ការខកចិត្ត​ជាខ្លាំង ព្រោះថា​បន្ទាប់ពី​មានការ​កាត់បន្ថយ​នូវ​ពាក្យសម្ដី​រើសអើង ប្រឆាំងនឹង​ជនជាតិ​វៀតណាម​នៅមុន​ពេល​បោះឆ្នោត ឆ្នាំ២០១៣រួចមក​នោះ ពាក្យសម្ដី​នេះ​ត្រូវបាន​គេ​ប្រើ​ជាថ្មី​ម្ដងទៀត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជនជាតិ​វៀតណាម។ ប្រការនេះ ពិតជា​អាច​លើកទឹកចិត្ត ឲ្យ​មានការ​រើសអើង​ចំពោះ​ជនជាតិ​វៀតណាម-សញ្ជាតិ​កម្ពុជា ក៏ដូចជា​ជនជាតិ​វៀតណាម​ដទៃទៀត ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

លើសពីនេះ​ទៀត ប្រធាន CCHR រូបនោះ​ក៏បាន​សម្ដែង​នូវ​ការខកចិត្ត​ចំពោះ​ពាក្យសំដី នៅក្នុង​សន្ទរកថា​មួយ​របស់លោក សម រង្ស៊ី ដែលថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន «អន់​ជា​ស្ត្រី» នោះ។ ដោយ​លោក​បាន​លើកឡើងថា ប្រសិនបើ​សម្ដី​នោះ​ពិតមែន​នោះ មានន័យថា​ស្ត្រី​មាន​សមត្ថភាព​ចាញ់​បុរស ដែល​នេះ​ជា​ប្រកា​រពុំ​អាច​ទទួលយក​បានឡើយ។ប្រការនេះ​នឹង​បង្ក​ឲ្យ​មាន​អ​ សមភាព យ៉ែ​ន​ឌ័​រ និង​ការ​បង្ខូច​នូវ​ទំនៀមទម្លាប់​ផ្នែក​យ៉ែ​ន​ឌ័​រ និង​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍ ប្រកបដោយ​សមភាព​នៅ​កម្ពុជា។

នៅក្នុង​សន្ទរកថា​មួយ កាលពីពេល​កន្លងទៅ​នៅឯ​ខេត្តសៀមរាប លោក សម រង្ស៊ី បានធ្វើការ​ប្រៀបធៀប​ថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន់​ជាង​លោកស្រី យី​ង​ឡាក់ ដែល​ហ៊ាន​ចុះ​ចេញពី​តំណែង ហើយ​ព្រម​រៀបចំ​ធ្វើការ​បោះឆ្នោត​ឡើងវិញ​នោះ ដោយ​លោក​បាន​និយាយថា៖« ហេតុអ្វី​បានជា​លោក ហ៊ុន សែន​អន់​ជាង​ស្ត្រី​ម្លេះ? »។ បន្ទាប់មក​អ្នកគាំទ្រ​កណ​បក្ស​សង្គ្រោះ​ជាតិ បន្ទរ​សម្ដី​តាម​លោក សម រង្ស៊ី ដោយ​ស្រែក​ឡើង​ថា« ហ៊ុន សែន អន់​ជាងស្ត្រីៗ ! » ។

លោក អ៊ូ វីរៈ ក៏បាន​ធ្វើការ​ស្នើរ​សុំ​ឲ្យ គណបក្ស​សង្គ្រោះ​ជាតិ ធ្វើការ​បញ្ជាក់​គោលជំហរ​របស់ខ្លួន ហើយ​ប្រសិនបើ​សេចក្ដីថ្លែងការណ៍​ខាងលើនេះ ពិតជា​បានធ្វើ​ឡើង​មែន គួរតែ​សូម​ធ្វើការ​អភ័យទោស​ជា​សាធារណៈ ចំពោះ​ការដែល​បាន​ប្រើ​ពាក្យសម្ដី ដែលមាន​ចរិតលក្ខណៈ​រើសអើង​នេះ ៕